
រថយន្តមួយគ្រឿងដែលដឹកកម្មកររោងចក្រជាង៥០នាក់ បានក្រឡាប់កាលពីល្ងាចថ្ងៃទី៩ ខែមករា នៅភូមិតាឡាក់ ឃុំក្រេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ បើតាមស្នងការរងខេត្ត ឧបទ្ទវហេតុនេះ បណ្តាលឲ្យកម្មករ៤នាក់រងរបួសធ្ងន់។
ស្នងការរង ទទួលបន្ទុកសណ្ដាប់ចរាចរណ៍ ខេត្តកំពង់ស្ពឺ លោក តាប់ លន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា មូលហេតុដែលបណ្ដាលឲ្យរថយន្តជួបឧបទ្ទវហេតុក្រឡាប់នេះ មកពីអ្នកបើកបរបានជែងរថយន្តមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយក៏បានក្រឡាប់ដោយខ្លួនឯង។
លោក តាប់ លន បន្តថា ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ កម្មករ៥៥នាក់មកពីរោងផ្សេងៗគ្នា ជិះរថយន្តតែមួយ ក្នុងនោះកម្មករ៤នាក់បានរងរបួសធ្ងន់ ដោយបាក់ជើង និងស្មា រីឯអ្នកបើកបរក៏ត្រូវបាក់ជើងផងដែរ។
«ចំពោះអ្នករបួសស្រាលបានត្រលប់ទៅផ្ទះវិញអស់ហើយ នៅឡើយតែអ្នករបួសធ្ងន់ប៉ុណ្ណោះដែលត្រូវព្យាបាលនៅមន្ទីរពេទ្យ»។ នេះបើតាមការបញ្ជាក់ពីរបស់ស្នងការរងខេត្តកំពង់ស្ពឺ ដោយបន្ថែមថា អ្នកបើកបរនឹងត្រូវទទួលទោសទណ្ឌ បន្ទាប់ពីរូបគេធូរស្បើយពីរបួស៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

