ភ្នំពេញ៖ គម្រោង IBIS Rice សន្យាធ្វើឲ្យជីវភាពកសិករអភិរក្សត្រយ៉ងយក្សល្អប្រសើរ តាមរយៈការជួយកសិករផលិតអង្ករសរីរាង្គ ដែលមានគុណភាពលំដាប់ពិភពលោក។
គម្រោង Ibis Rice គឺជាគម្រោងមួយដែលមិនស្វែងរកប្រាក់ចំណូល ហើយធ្វើការជាមួយកសិករកម្ពុជា ដើម្បីផលិតអង្ករសរីរាង្គដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក រួមទាំងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ដែលជាទីជម្រករបស់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការអភិរក្សសត្វព្រៃកម្ពុជា។
សេចក្តីប្រកាសដដែល បន្តថា ការជួយឲ្យកសិករផលិតអង្ករសរីរាង្គនេះ ដើម្បីឲ្យពួកគេកាត់បន្ថយការប្រើប្រាស់ជីគីមី ដែលនាំឲ្យប៉ះពាល់ជីវិតសត្វ។ ជាពិសេសសត្វត្រយ៉ងយក្សដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា និងសត្វត្រយ៉ងចង្កំកស ដែលប្រឈមមុខនឹងការជិតផុតពូជ។
បច្ចុប្បន្នដែនជម្រកសត្វព្រៃសៀមប៉ាង មានសត្វត្រយ៉ងយក្សប្រមាណជា២០ភាគរយ នៃចំនួនដែលមានទាំងអស់នៅលើសាកលលោក និងប្រមាណ៥០ភាគរយ នៃសត្វត្រយ៉ងចង្កំកស ទាំងអស់នៅលើសាកលលោក។ សត្វត្រយ៉ងទាំងពីរប្រភេទ មានវត្តមាននៅតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ប្រធានផ្នែកគ្រប់គ្រងប្រចាំតំបន់សៀមប៉ាងរបស់អង្គការជិវិតសត្វស្លាបអន្តរជាតិលោក ទី ស្រ៊ុន បាននិយាយថា សកម្មភាពនៃការបង្កើនជីវភាពដល់ប្រជាជននៅក្នុងសហគមន៍ជុំវិញតំបន់អភិរក្សនេះ ក្នុងគោលបំណងស្ដារសន្តិសុខស្បៀងដល់ប្រជាកសិកររស់នៅក្រៅតំបន់ការពារ ដែលអាចជាការលើកទឹកចិត្តដល់ពួកគាត់ឲ្យចូលរួមការពារកុំឲ្យមានការទន្ទ្រានយកដីព្រៃ និងកាត់បន្ថយបរបាញ់សត្វព្រៃជាដើម។
លោក ទី ស្រ៊ុន បានបញ្ជាក់ដូច្នេះថា៖«នេះគឺជាឆ្នាំទី១ ដែលបានអនុវត្តគម្រោងបង្កើនជីវភាពនេះនៅក្នុងស្រុកសៀមប៉ាង ហើយបានសាកល្បងអនុវត្តមុនគេនៅភូមិខិះស្វាយដោយមានកសិករចំនួន៤៣គ្រួសារបានចូលរួម។ យើងបានណែនាំគម្រោងនេះទៅកាន់ភូមិផ្សេងទៀតក្បែរនោះ ហើយការកំណត់ និងវាស់វែងដីស្រែរបស់ប្រជាសហគមន៍នៅលើផែនទីកំពុងតែដំណើរការនៅភូមិចំនួន ៣ផ្សេងទៀត ហើយភូមិទាំងនេះ នឹងចូលរួមជាមួយគម្រោងបង្កើនជីវភាព នៅក្នុងឆ្នាំ២០១៨»។
លោក ធុន កុក ប្រជាកសិកររស់នៅភូមិខិះស្វាយ ខេត្តស្ទឹងត្រែង ដែលបានក្លាយជា់សមាជិករបស់គម្រោង Ibis Rice បាននិយាយថា គម្រោងនេះបានលើកទឹកចិត្តគាត់ និងអ្នកភូមិការពារសត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ ឲ្យបញ្ឈប់ការប្រើប្រាស់ជីគីមី។ លោក បន្ថែមថា៖ «សំខាន់ជាងនេះ គម្រោង Ibis Rice បានជួយលើកកម្ពស់ជីវភាពប្រជាជននៅក្នុងភូមិពីព្រោះពួកយើងអាចលក់ស្រូវទៅឲ្យគម្រោងក្នុងតម្លៃខ្ពស់ជាងទីផ្សារ»។
អង្គការជីវិតសត្វស្លាបអន្តរជាតិ បានធ្វើការជាមួយគម្រោង Ibis Rice និងអង្គការ WCS ដើម្បីអនុវត្តកម្មវិធីបង្កើនជីវភាពពលរដ្ឋនេះ ទទួលបានជោគជ័យរួចទៅហើយ នៅក្នុងខេត្តព្រះវិហារ។ អង្គការជីវិតសត្វស្លាបអន្តរជាតិ ,គម្រោង Ibis Rice និងអង្គការ WCS កំពុងធ្វើការរួមគ្នាជាមួយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងដើម្បីការពារដែនជម្រកសត្វព្រៃក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដែលមានទំហំផ្ទៃដី ១សែន៥ម៉ឺនហិកតា តាមរយៈថវិកាគាំទ្រពី Darwin Initiative និងមូលនិធិ MacArthur Foundation ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com