EU ផ្ដល់ ៣,៣ លានដុល្លារដល់ WWF ដើម្បីការពារធនធានធម្មជាតិនៅមណ្ឌលគិរី

សហភាពអឺរ៉ុប(EU) បានផ្ដល់ទឹកប្រាក់ ២,៨លានអឺរ៉ូ ស្មើនឹងប្រមាណ៣,៣លានដុល្លារអាមេរិក ដល់អង្គការ WWF លើគម្រោងគាំទ្រការគ្រប់គ្រងដោយចីរភាព នៃធនធានព្រៃឈើដ៏សម្បូរបែបក្នុងខេត្តមណ្ឌលគិរី។ គម្រោងនេះ មានឈ្មោះថា «បង្កើនសមត្ថភាពអង្គការសង្គមស៊ីវិល ដើម្បីធានានូវដំណោះស្រាយនិរន្តភាព(ACCESS)» និងមានរយៈពេល ៥ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៨ ដល់ ២០២២ ។ អ្នកទទួលផលគម្រោងនេះ មានចំនួន ២ពាន់គ្រួសារ ក្នុងភូមិចំនួន ៣៤ ដែលស្ថិតនៅក្នុងតំបន់ការពារជាតិពីរ គឺដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច។

តាមសេចក្ដីប្រកាសរួមគ្នារវាង EU និងអង្គការ WWF នៅថ្ងៃទី២៥ ខែធ្នូ គម្រោងនេះ មានគោលដៅពង្រឹងតួនាទី និងការចូលរួមរបស់សហគមន៍ដែលពឹងផ្អែកទៅលើព្រៃឈើនៅកម្ពុជា ក្នុងអភិបាលកិច្ចល្អ និងក្នុងការរៀបចំកិច្ចពិភាក្សាគោលនយោបាយ ប្រកបដោយការចូលរួម និងការអភិរក្សធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។
សហភាពអឺរ៉ុប បានលើកឡើងថា ការផ្តល់មូលនិធិលើគម្រោងនេះ នឹងត្រូវអនុត្តដោយសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល ដែលបានប្រតិបត្តិការយូរអង្វែងក្នុងប្រទេសកម្ពុជា ដូចជាអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ (WWF) មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ (CLEC) និងអង្គការភូមិខ្ញុំ (MVI)។
គម្រោងមូលនិធិសហភាពអឺរ៉ុប គាំទ្រតំបន់ព្រៃការពារសហគមន៍ នឹងបញ្ចូលកិច្ចពិភាក្សាគោលនយោបាយជាតិ ព្រមទាំងស្វែងរកការអនុវត្តកំណែទម្រង់ និងវិធានការផ្លូវច្បាប់ ទាក់ទងនឹងសិទ្ធិចូលរួម ប្រើប្រាស់ និងការគ្រប់គ្រងធនធានព្រៃឈើដោយនិរន្តភាព ដោយក្រុមសហគមន៍ ។ នេះបើតាមសេចក្ដីប្រកាសរួមគ្នាដដែល ដោយបានបន្ថែមថា ដែនជម្រកសត្វព្រៃទាំង២ គ្របដណ្តប់លើផ្ទៃក្រឡាជាង ៦ពាន់គីឡូម៉ែត្រការ៉េ ហើយផ្តល់អំណោយទានកសិកម្ម និងការប្រកបជីវភាពផ្អែកលើអនុផលព្រៃឈើ ដល់ប្រជាពលរដ្ឋប្រមាណ ៣ម៉ឺននាក់ រួមមានទាំងជនជាតិដើមភាគតិចចំនួន ៨ពាន់នាក់ផងដែរ។
ខេត្តមណ្ឌលគិរី ជាខេត្តដែលមានរបាយប្រជាជនរស់នៅរង្វើលជាងគេ និងជាខេត្តដែលមានព្រៃឈើក្រាស់ជាងគេ ដែលអំណោយផលធនធានធម្មជាតិសម្បូរបែប ក្នុងការផ្តល់សេវាប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់ ដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅនៃខេត្តនេះ។ តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃកម្ពុជា ធ្លាប់ជាតំបន់សម្បូរទៅដោយសត្វព្រៃច្រើនជាងគេ នៅ អាស៊ីអាគ្នេយ៍ ហើយនៅតែមានឱកាសទទួលបានការការពារដោយសហគមន៍មូលដ្ឋាន ដែលកំពុងទទួលរងសម្ពាធ ពីភាគីខាងក្រៅផ្សេងៗ។ អ្នកអភិវឌ្ឍដែលដាក់ទុនលើវិស័យកសិឧស្សាហកម្មខ្នាតធំ ឬប្រតិបត្តិការទាញយករ៉ែ ដែលជាសកម្មភាពប៉ះពាល់ដល់ការអភិរក្ស ការប្រកបជីវភាពរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍនិរន្តរភាព៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

