​បណ្ឌិត​អភិរក្ស​អាមេរិក​៖ ការប្រែប្រួល​អាកាសធាតុ​ជាក​តា្ត​ថ្មី​ដែល​គំរាមកំហែង​បេតិកភណ្ឌ​វប្បធម៌​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ បេតិកភណ្ឌ​វប្បធម៌​អាច​នៅ​គង់វង្ស​យូរ​ក៏ដោយ វា​មិនអាច​ករ​កើតឡើង​វិញ​ឡើយ​។ វា​ត្រូវការ​ការថែទាំ និង​អភិរក្ស​ឲ្យ​បាន​ដិតដល់​។ បើតាម​អ្នកជំនាញ បច្ចុប្បន្ន​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​រង​ប្រឈម​បញ្ហា​ច្រើន ហើយ​បេតិកភណ្ឌ​ទាំងនោះ​ក៏​រង​ការគំរាមកំហែង​ខ្លាំង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ក៏ដូចជា​ជម្លោះ​ប្រដាប់អាវុធ​ដែរ​។ ការប្រែប្រួល​អាកាសធាតុ​ក៏​ក្លាយជា​កត្តា​ធម្មជាតិ​ថ្មី​មួយទៀត​ដែល​កំពុង​គំរាមកំហែង​បេតិកភណ្ឌ​វប្បធម៌​នេះដែរ​។​



សូមស្តាប់បទសម្ភាសរវាងលោក សៅ ផលនិស្ស័យ ជាមួយបណ្ឌិត Stefan Simon ៖

**audio2**


​សាស្ត្រាចារ្យ​ផ្នែក​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​លោក​បណ្ឌិត Stefan Simon មកពី​វិទ្យាល័យ Yale សហរដ្ឋអាមេរិក នៅ​សន្និសីទ​ស្តីពី​ការអភិរក្ស​នៅ​តំបន់​អង្គរ​នា​ថ្ងៃ​សុក្រ​ទី ១៥ ខែធ្នូ​នៅ​ខេត្តសៀមរាប​បានលើកឡើង​ថា  ស​ម្ប​តិ្ត​វប្បធម៌​ទូទាំង​ពិភពលោក​រួមទាំង​នៅ​កម្ពុជា​ផង​នោះ​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​កត្តា​ជាច្រើន​មិន​ត្រឹមតែ​កត្តា​ធម្មជាតិ (​គីមី​) តែ​វា​ក៏មាន​សកម្មភាព​មនុស្ស​ផងដែរ​។

​លោក​បណ្ឌិត Simon ដែលជា​នាយក​គំនិត​ផ្តួចផ្តើម​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​បានលើកឡើង​ថា បច្ចុប្បន្ន​ការអភិវឌ្ឍ​ទីក្រុង និង​កសិកម្ម រួមជាមួយ​ជម្លោះ​ប្រដាប់អាវុធ​នោះ​កំពុង​គំរាមកំហែង បេតិកភណ្ឌ​វប្បធម៌​ខ្លាំងជាងគេ​។​

«​យើង​កំពុង​បាត់បង់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រាល់ថ្ងៃ​ដោយសារ​ការអភិវឌ្ឍ​ទីក្រុង និង​កសិកម្ម ហើយ​យើង​ក៏​បាត់បង់​ដោយសារ​ជម្លោះ​ដែល​បង្កើត​ដោយ​មនុស្ស​ផងដែរ​។ ដូច​យើង​ឃើញ​ហើយ សង្គ្រាម​នៅ​មជ្ឈិមបូព៌ា និង​នៅ​អាហ្វ្រិក​ដែលជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​បេតិកភណ្ឌ​វប្បធម៌​ធ្វើ​ឲ្យ​យើង​បាត់បង់​សម្បត្តិ​វប្បធម៌​នេះ​ច្រើន​មែនទែន​»​។ នេះ​ជាការ​ពន្យល់​របស់លោក​បណ្ឌិត​។ 

-​ការកើនឡើង​នៃ​ការប្រែប្រួល​អាកាសធាតុ​គំរាមកំហែង​បេតិកភណ្ឌ​វប្បធម៌​


​ពេល​សាក​សួរថា តើ​ការប្រែប្រួល​អាកាស​បង្ក​គ្រោះថ្នាក់​ដល់​បេតិកភណ្ឌ​វប្បធម៌​ឬ​យ៉ាងណា សាស្ត្រាចារ្យ​ខាងលើ​ក៏​អះអាងថា ការប្រែប្រួល​អាកាសធាតុ​ពិត​មាន​ផលប៉ះពាល់​ខ្លាំង​លើ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ផងដែរ​នាពេល​បច្ចុប្បន្ន​។ ដែក​នេះ​វា​ជា​មូលហេតុ​សំខាន់​ដែល​គ្រប់គ្នា​ត្រូវមាន​ការសហការ និង​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​លម្អិត​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ​ផង​។​

​លោក​បណ្ឌិត Simon បញ្ជាក់​ដូច្នេះ​៖ «​ទីតាំង​ជា​ប្រវត្តិសាស្ត្រ និង​កន្លែង​ស្រាវជ្រាវ​បុរាណវិទ្យា​ជាច្រើន​នៅក្បែរ​តំបន់ឆ្នេរ​នឹងត្រូវ​បាត់បង់​ដោយសារ​ការកើនឡើង​នៃ​កំណើន​នីវ៉ូ​ទឹកសមុទ្រ​។ ក្នុងនោះ​មាននៅ​អាមេរិក នៅ​កោះ​ប៉ាស៊ីហ្វិក នៅ​អាហ្វ្រិក​ដូចជា​ប្រទេស​តង់​សានី​ជាដើម​។ ការប្រែប្រួល​អាកាសធាតុ​មាន​ឥទ្ធិពល​ធំ​លើ​បញ្ហា​នេះ ហើយ​ការប្រែប្រួល​អាកាសធាតុ​នេះ​ក៏​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​លក្ខខណ្ឌ​នៃ​អាកាសធាតុ​ឲ្យ​កាន់តែ​អាក្រក់ ការកើនឡើង​នៃ​បាតុភូតធម្មជាតិ​ព្យុះ និង​ទឹកជំនន់​ជាដើម​»​។​

«​យើង​ប្រហែលជា​មិនទាន់មាន​ចម្លើយ​ទេ​ពេលនេះ ប៉ុន្តែ​យើង​ត្រូវ​ចាប់ដៃគ្នា​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​។ បើសិន​យើង​បិទ​ភ្នែក និង​រង់ចាំ វា​មិន​ប្រសើរឡើង​នោះឡើយ​»​។

-​រៀន​យល់​តម្លៃ​ពី​ប្រវត្តិសាស្ត្រ និង​អតីតកាល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​

«​យើង​នៅក្នុង​សង្គម​ដែលជា​អ្នកផ្តល់​ឲ្យ​តម្លៃ​ដល់​វ​ត្តុ​អ្វីដែល​យើង​គិតថា​សំខាន់​។​ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិរក្ស ពិតណាស់​គឺ យើង​ត្រូវការ​មនុស្ស​ចូលរួម​»​។​

«​ខ្ញុំ​យល់ថា អតីតកាល​ផ្តល់​មេរៀន​ឲ្យ​យើង​ច្រើន​សម្រាប់​ឆ្លើយ​សំណួរ​បច្ចុប្បន្ន និង អនាគត​ផង​។ យើង​ត្រូវ​រៀន​ពី​ប្រវត្តិសាស្ត្រ រៀន​ពី​សម្បត្តិ​វប្បធម៌​ដែល​យើង​មាន​។ ខ្ញុំ​ជឿថា ការរៀន​ពី​ប្រវត្តិសាស្ត្រ​នឹង​ជួយ​យើង​ច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា​។ តួយ៉ាង​យើង ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​យើង​មាន​បច្ចុប្បន្ន​ដើម្បី​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​នៃ​តំបន់​ប្រវត្តិសាស្ត្រ​ដូចជា​អង្គរ​។ យើង​ត្រូវ​រៀន​ឲ្យ​ដឹងថា តើ​បុព្វបុរស​យើង​កសាង​វា​ដោយ​របៀប​ណា និង​ថែរក្សា​វា​ដូចម្តេច​ទើបបាន​យូរអង្វែង​។ នេះ​ជា​អ្វីដែល​យើង​អាច​រៀន​បាន​ពី​ប្រវត្តិសាស្ត្រ​ដើ​ម្ប​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​»​។​

​ពេល​សាក​សួរថា តើ​បុគ្គល​ម្នាក់ៗ មាន​តួនាទី​សំខាន់​ឬ​យ៉ាងណា​ក្នុងការ​ចូលរួម​អ​ភ​រិ​ក្ស​សម្បត្តិ​វប្បធម៌ លោក​សាស្ត្រាចារ្យ​រូបនេះ​បាន​ឆ្លើយថា​៖ មនុស្ស​ម្នាក់ៗ​មាន​តួនាទី​សំខាន់​ក្នុង​ធានា​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ឲ្យ​មាន​និរន្តរភាព​។ ពួកគេ​ជាពិសេស​សិស្ស​ត្រូវ​ស្វែងយល់ថា តើ​វត្ថុ​ទាំងនោះ​មានតម្លៃ​បែបណា​ចំពោះ​ពួកគេ​។ ខ្ញុំ​សង្កេតឃើញថា សិស្ស​ភាគច្រើន​ចាប់អារម្មណ៍​ពី​ប្រវត្តិសាស្ត្រ គេ​ចង់ដឹង​ពី​ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ​ពីក្រោយ​»៕

ព័ត៌មានទាក់ទង