អាជីវករនៅឆ្នេរកែបអះអាងថា មិនមានការដំឡើងថ្លៃទំនិញក្នុងពិធីបុណ្យសមុទ្រនេះឡើយ

ខេត្តកែប៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រនេះ អាជីវករនៅតំបន់ឆ្នេរកែបបានអះអាងថាមិនមានការដំឡើងថ្លៃទំនិញ និងម្ហូបអាហារនៅទីនោះឡើយ។ ជាមួយគ្នានេះថ្ងៃទី៣នៃពិធីបុណ្យសមុទ្រអាជីវករដដែលបានអះអាងថា មានអ្នកមកកម្សាន្តច្រើនជាង២ថ្ងៃដំបូងនៃពិធីបុណ្យនេះ ចំពោះសុវត្ថិភាពក៏ល្អប្រសើរផងដែរ។

បើតាមអ្នកស្រី ហេង ស៊ីវយោង អាជីវករមួយរូបនៅក្នុងខេត្តកែប ដែលមានលក់ចំណីអាហារសម្រាប់ភ្ញៀវទេសចរណ៍នៅទីនោះថា ថ្ងៃទី៣ នៃពិធីបុណ្យសមុទ្រមានមនុស្សចូលរួមច្រើនជាង២ថ្ងៃដំបូងហើយអ្នកស្រីក៏លក់ដូរដាច់ជាង២ថ្ងៃដំបូងផងដែរ។ បើតាមការអះអាងរបស់ស្ត្រីអាជីវករូបនេះបានឲ្យដឹងថា តម្លៃទំនិញដែលដាក់លក់ មានការឡើងថ្លៃបន្តិចបន្តួចប៉ុណ្ណោះ ព្រោះក្នុងឱកាសនៃពិធីបុណ្យសមុទ្រនេះមានការចុះត្រជាក់ខ្លាំង និងមានខ្យល់ខ្លាំងផងទើបធ្វើឲ្យការនេសាទបានផលតិច។

បើតាមស្ត្រីម្ចាស់អាហារដ្ឋានលឹម គាម តម្លៃក្ដាមមួយគីឡូ៧,៥០០០ ទៅ៨០,០០០ និងម្ហូបមួយចានតម្លៃមួយចាន៥០,០០០ដូចថ្ងៃធម្មតាដដែល។ ចំពោះអាហារដ្ឋានរបស់អ្នកស្រីបើសិនជាភ្ញៀវចង់ជួលតែកន្លែង ហើយមិនកម្ម៉ង់អាហារមួយកន្លែងមានតម្លៃ៤ម៉ឺន ទៅ៥ម៉ឺន តែបើភ្ញៀវកម្ម៉ង់ម្ហូប៣ចានឡើងទៅគឺមិនមានប្រាក់លើកន្លែងអង្គុយឡើយ។ ខុសពីថ្ងៃធម្មតាបើសិនជាគេទិញអាហារចាប់ពី២ម៉ឺនឡើងទៅស្ត្រីរូបនេះមិនគិតថ្លៃកន្លែងអង្គុយឡើយ ការដំឡើងថ្លៃទំនិញនេះក៏ដោយសារតែអ្នកនេសាទដំឡើងប៉ុណ្ណោះ។

ជាការកត់សម្គាល់នៅក្នុងពិធីបុណ្យសមុទ្រនេះ មានការតាំងពិពណ៌ផលិផល មហោស្រពម្ហូបអាហារនិងភេសជ្ជ មានស្ដង់សរុបចំនួន៥០២ស្ដង់ ដោយស្ដង់ផលិតផលក្នុងស្រិកមានចំនួន៣១២ និងស្ដង់ពិពណ៌បរទេសមានចំនួន១៩០ស្ដង់ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធនិងស្ថាប័នឯកជន។
ក្នុងពិធីនេះក៏មានផងដែរការដើរក្បួនព្យុះហយាត្រា និងការសម្ដែងសិល្បៈដោយមានទាំងសិល្បៈករខ្មែរ និងបណ្ដាលប្រទេសជាមិត្តរួមមានប្រទេសចិន ឥណ្ឌា ថៃ វៀតណាមនិង ឥណ្ឌូនេស៊ី។ ក្រៅពីនេះ ក៏មានកម្មវិធីកីឡាជាច្រើនទៀតទាំងកីឡាលើទឹក និងលើខ្សាច់ ហើយថែមទាំងមានការប្រណាំងកង់ថែមទៀតផង៕




-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

