ខេត្តកែប៖ អភិបាលខេត្តកែបលោក កែន សត្ថា បានបញ្ជាក់ថា កងកម្លាំងសន្តិសុខរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយស្ទើរគ្រប់ទីកន្លែង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យសមុទ្ររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី២៤ នៅទីរួមខេត្តកែប។ លោកអភិបាលខេត្តរូបនេះរំពឹងថា រយៈពេល៣ថ្ងៃនេះនឹងទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ៣០ម៉ឺននាក់។
កងកម្លាំងសន្តិសុខមកពីទីបញ្ជាការដ្ឋានខេត្តកែប អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងការពារជាតិរួមទាំងកងអង្គរក្សរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយស្ទើរគ្រប់ទីកន្លែងនាពិធីបុណ្យសមុទ្រលើកទី៦នៅទីរួមខេត្តកែប។ ការពង្រាយកងកម្លាំងចល័ត និងឈរជើងស្ទើរគ្រប់ទីកន្លែងនេះ គឺដើម្បីរក្សាសន្តិសុខជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកកម្សាន្តបុណ្យសមុទ្រនៅឆ្នាំនេះ។
«យើងបានត្រៀមកងកម្លាំងសន្តិសុខរបស់គណៈបញ្ជាការដ្ឋានខេត្តកែបប្រមាណ១ពាន់នាក់ ហើយយើងមានកងកម្លាំងថ្នាក់ជាតិរបស់អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ កងរាជអាវុធហត្ថ និងកងអង្គរក្សជាច្រើនទៀត ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋឲ្យដើរលេងប្រកបដោយភាពសប្បាយរីករាយដោយគ្មានការភិតភ័យ»។ នេះជាបញ្ជាក់របស់លោក កែន សត្ថា ហើយលោកបានបន្ថែមថា ផ្លូវមួយចំនួនម្តុំបរិវេណសាលាខេត្តកែបត្រូវបានបិទស្ទើរទាំងស្រុង ដើម្បីហាមឃាត់ ម៉ូតូ រ៉ឹម៉កកង់បី និងឡានកុំឲ្យចូលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។
តែយ៉ាងណាលោកអភិបាលខេត្តរូបនេះមិនបានបញ្ជាក់ពីចំនួនច្បាស់លាស់នៃកងកម្លាំងសន្តិសុខនោះទេ លោកគ្រាន់តែបញ្ជាក់ថា មានប្រមាណ៥ពាន់នាក់។ លោកបានបន្ថែមថា មុន១ថ្ងៃនៃពិធីបុណ្យសមុទ្រមកដល់មានប្រជាពលរដ្ឋប្រមាណពី៤ទៅ៥ពាន់នាក់បានមកទស្សនាការតាំងពិព័រណ៍ការផលិតផលអន្តរជាតិ តែគ្មានករណីអសន្តិសុខអ្វីមួយបានកើតឡើងឡើយ។
ទោះបីសន្តិសុខត្រូវបានរឹតបណ្តឹងយ៉ាងណាក៏ដោយ តែកាលពីព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៧ ដែលជាថ្ងៃទី១នៃពិធីបុណ្យសមុទ្រលើកទី៦ មានករណីគាស់ទ្វាររថយន្តរបស់កីឡាករកីឡាការិនី ខណៈពួកគេកំពុងចូលរួមរត់ប្រណាំងកម្សាន្តដើម្បីអបអរថ្ងៃដំបូងនេះ។ ក្នុងករណីគាស់ទ្វាររថយន្តនេះដែរ ចោរបានលួចទូរស័ព្ទអស់ចំនួន៧គ្រឿង និងថវិកាចំនួន៦០០ដុល្លារ។
ពិធីបុណ្យសមុទ្រដែលធ្វើឡើងក្រោមប្រធានបទ«ឆ្នេរសមុទ្របៃតង បច្ចុប្បន្ន គឺអានគត» នៅខេត្តកែបឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។ អភិបាលខេត្តកែប លោក កែន សត្ថា រំពឹងទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ៣០ម៉ឺននាក់ចូលរួមនៅឆ្នាំនេះ ខណៈកាលពីលើកទី១ខេត្តនេះទទួលបានភ្ញៀវទេសចរណ៍ប្រមាណ២៥ម៉ឺននាក់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com