ឧត្តរមានជ័យ៖ គ្រូបង្រៀនម្នាក់ និងសិស្សចំនួន៣នាក់រងរបួសធ្ងន់ ដោយសារឧប្បទ្ទវហេតុផ្ទុះគ្រាប់បែកមួយ នៅក្នុងវិទ្យាល័យអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២១ ធ្នូនេះ ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានប្រាប់សារព័ត៌មានថ្មីៗថា ករណីផ្ទុះគ្រាប់នេះ បានកើតឡើងនៅពេលដែលគ្រូ និងសិស្ស នាំគ្នាសំអាតអនាម័យនៅក្នុងទីធ្លាសាលារៀន ដោយប្រមូលសំរាមយកទៅដុតចោល ប៉ុន្តែទំនងចំកន្លែងគ្រាប់កប់ក្នុងដី ទើបបង្កឲ្យមានករណីផ្ទុះគ្រាប់ឡើងតែម្ដង។ បើតាម លោក ស ថាវី គ្រាប់ដែលផ្ទុះនេះ គឺជាប្រភេទគ្រាប់ B៦០ ដែលបន្សល់ទុកពីសម័យសង្គ្រាម។
តែយ៉ាងណាជនរងគ្រោះទាំង៤នាក់នេះ ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យហើយ។ អភិបាលខេត្តឧត្តរមានជ័យរូបនេះ បានបញ្ជាក់ដូច្នេះថា៖«គ្រូបង្រៀនត្រូវរបួសខ្នង២កន្លែង ហើយកូនសិស្សត្រូវរបួសជើង ខ្នង មាត់ ហើយយើងបានបញ្ជូនគាត់៣នាក់ទីមន្ទីរពេទ្យនៅខេត្ត និងម្នាក់ទៅមន្ទីរពេទ្យគន្ធបុប្ផានៅខេត្តសៀមរាប។ ហើយខ្ញុំផ្ទាល់ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ពួកគាត់ផងដែរ»។
បន្ថែមពីលើនេះលោក ស ថាវី បាននិយាយថា ស្ថានភាពដីនៅតំបន់មួយចំនួន នៅក្នុងខេត្តឧត្តរមានជ័យនេះ នៅទទួលរងផលប៉ះពាល់ពីអាវុធមិនទាន់ផ្ទុះនៅក្នុងដី ដែលកំពុងគំរាមកំហែងជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ លោក ស ថាវី អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នលើបញ្ហាគ្រាប់កប់ក្នុងដីនេះ ហើយរួមសហការជាមួយអាជ្ញាធរ ក្នុងការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនេះ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com