ការថតរូបទ្រង់ទ្រាយធំដើម្បីអបអរខួប២៥ឆ្នាំដែលអង្គរក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក
សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មន្ទីរ អង្គភាព វិស័យឯកជន នឹងរៀបចំពិធីថតរូបទ្រង់ទ្រាយធំមួយ នៅវាលស្មៅក្តារបែននៃប្រាសាទអង្គរវត្ត។ ពិធីគ្រោងមានអ្នកចូលរួមប្រមាណ ៣០០០នាក់។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ការថតរូបទ្រង់ទ្រាយធំនេះ នឹងធ្វើឡើង នៅថ្ងៃទី៨ ខែធ្នូ នៅចំណុចវាលស្មៅក្នុងកំពែងទី៤ ឬត្រង់ក្តារបែន នៃប្រាសាទអង្គរវត្ត។ ពិធីនេះធ្វើឡើង ក្នុងបំណងដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងបន្ថែមថា ពិធីនេះគ្រោងមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដើម្បីថតរូបទ្រង់ទ្រាយធំ បំណងផ្សព្វផ្សាយពីមោទនភាពជាតិខ្មែរ និងលើកកម្ពស់តម្លៃ បេតិកភណ្ឌដ៏ឧត្តុងឧត្តមរបស់កម្ពុជាដែលជាព្រលឹងជាតិ។
ជាមួយគ្នានេះផងដែរ ដើម្បីឱ្យការថតរូបប្រព្រឹត្តិទៅដោយរលូន អាជ្ញាធរជាតិអប្សរា នឹងបិទបរិវេណទស្សនាមួយចំនួនក្នុងប្រាសាទអង្គរវត្ត នៅថ្ងៃទី៨ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៥និង៣០នាទីរសៀល។ អាជ្ញាធរជាតិអប្សរា សុំឱ្យស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ មគ្គុទ្ទេសក៍ជាដើម ចូលរួមសហការ និងជ្រាបពីព័ត៌មាននេះ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com