
សត្វទាព្រៃស្លាបសចំនួន២ក្បាល ត្រូវបានជួយសង្គ្រោះនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) នាថ្ងៃទី៥ ខែធ្នូ។
អ្នកភូមិឈូកនៅតំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ បានប្រទះឃើញ សត្វទាព្រៃស្លាបសទាំងពីរដែលស្ថិតក្នុងសភាពទន់ខ្សោយ និងមិនអាចហោះហើរបាន។ បន្ទាប់ពីទទួលបានការរាយការណ៍ ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការ WCS ប្រគល់ទាព្រៃដ៏កម្រទាំងពីរក្បាល ទៅក្រុមការងាររបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះខេត្តសៀមរាបដើម្បីពិនិត្យ និងមើលថែរក្សា រហូតដល់ពេលពួកវាជាសះស្បើយ និងអាចរស់នៅក្នុងធម្មជាតិវិញបាន ទើបលែងទៅក្នុងព្រៃវិញ។
WCS បានបញ្ជាក់ឲ្យដឹងថា ទាព្រៃស្លាបស ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក ដែលបច្ចុប្បន្ន មានចន្លោះតែ២៥០ ទៅ១០០០ក្បាលប៉ុណ្ណោះ ហើយចំនួនតិចតួចរស់នៅកម្ពុជា។
លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវប្រចាំដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពនៃក្រសួងបរិស្ថាន និងអង្គការ WCS បានបញ្ជាក់ថា សត្វទាស្លាបសទាំងពីរក្បាលនោះ នឹងត្រូវលែងវិញ នៅពេលដែលពួកវាមានកម្លាំងដូចដើម។
អ្នកអភិរក្សរូបនេះ បានសម្តែងការសប្បាយចិត្តចំពោះកម្រិតយល់ដឹងរបស់ពលរដ្ឋមូលដ្ឋានលើសារសំខាន់នៃការងារអភិរក្សសត្វព្រៃ។ លោកបាននិយាយយ៉ាងដូច្នេះថា៖«បើពួកគេមិនបានយល់ដឹងទេនោះ ពួកគាត់ប្រហែលជាយកទាព្រៃស្លាបសទាំងនោះទៅបរិភោគ ឬលក់បាត់ទៅហើយ»។
តំបន់ខ្ពង់រាបភាគខាងជើងកម្ពុជា ដែលរួមបញ្ចូលទាំងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ព្រះរកា និងឆែប ផងដែរនោះ គាំទ្រដល់ការរស់នៅរបស់សត្វស្លាបប្រភេទរងគ្រោះជាសាកលជាច្រើនប្រភេទ រួមមានត្រយ៉ងយក្ស ត្រយ៉ងចង្កំកស ត្មាត៣ប្រភេទ ទាព្រៃស្លាបស និងសត្វព្រៃជាច្រើនទៀត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

