សៀមរាប៖ ព្រឹត្តិការណ៍កីឡា RAID Amazones បាននិងកំពុងដំណើរការនៅលើទឹកដីអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ មានសុទ្ធតែនារីចួលរួម ហើយនៅឆ្នាំនេះ មានកីឡាការិនី ចំនួន ៣៤៧នាក់ ដែលមកពីបណ្តាប្រទេសផ្សេងៗគ្នា។
RAID Amazones ជាព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក មានសុទ្ធតែនារីជាអ្នកចូលរួម ដោយចាប់គូគ្នា២នាក់ ឬ៣នាក់ដើម្បីរត់ ជិះកង់ និងចែវទូក។ កីឡានេះ បង្កើតឡើងដោយអតីតពិធីករទូរទស្សន៍ជនជាតិបារាំងឈ្មោះ ALEXANDER DEBANNE មានរយៈពេល១៥ឆ្នាំមកហើយ និងបានធ្វើនៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះ នេះជាលើកទី២សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ ដែលរៀបចំឡើងនៅក្នុងទឹកដីអង្គរ។
អ្នកសម្របសម្រួលកម្មវិធី លោក ហ៊ុន សុជាតិ បានឱ្យដឹងថា កម្មវិធីកីឡានេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តស្ត្រីថា ពួកគាត់ក៏អាចធ្វើការងារ និងចូលរួមកីឡាបានដូចបុរសដែរ ទាំងរត់ចម្ងាយ ជិះកង់ និងចែវទូក ដែលនេះជាវិញ្ញាសាបានកំណត់ក្នុងកម្មវិធីរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំធ្វើនៅលើទឹកដី អង្គរជាលើកទី២ហើយ ដោយលើកនេះមានអ្នកចូលរួម ៣៤៧នាក់ ដែលមានអាយុចាប់ពី ២៨ឆ្នាំដល់៥០ឆ្នាំ មកពីប្រទេសបារាំង ស្វីស បែលហ្សិក កាណាដា និងបណ្តាប្រទេសមួយចំនួនតូចទៀតដែលនិយាយភាសាអង់គ្លេស។
អ្នករៀបចំព្រឹត្តិការណ៍កីឡា RAID Amazones គ្រោងរៀបចំធ្វើជាលើកទី៣ នៅទឹកដីអង្គរនៅឆ្នាំ២០១៨ខាងមុខជាបន្តទៀត ព្រោះថា ការរៀបចំទាំង២លើកនេះ បានទាក់ទាញអ្នកចូលរួមច្រើនកុះករ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com