អត្ត​ព​លិ​កប​រទេស​តែងតែមាន​អនុស្សាវរីយ៍​រីករាយ​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​

30/11/-0001 12:00 am សៀមរាប

​កីឡាករ​ចិន Qi Bian បាន​បន្ត​គ្រង​ជើងឯក​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​លើក​ទី​២២ ដែលមាន​អ្នកចូលរួម​រហូត​ជាង​១​ម៉ឺន​នាក់​។ ទោះបី​មានការ​ផ្លាស់ប្តូរ​ទីតាំង​រត់​ពី​អង្គរតូច​ទៅ​អង្គរធំ​នៅ​ឆ្នាំនេះ តែ​ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​និង​បញ្ចប់​យ៉ាង​ជោគជ័យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៧​។ លើសពីនេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អត្ត​ព​លិ​ក​ជាតិ​និង​អន្តជាតិ​ថែមទៀត​ផង​។​



​ទោះបី​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​លើក​ទី​២២​ឆ្នាំនេះ​បាន​ផ្លាស់ប្តូរ​ទីតាំង​រត់​ពី​អង្គរតូច​ទៅ​អង្គរធំ​ក៏ដោយ តែ​ការរត់​កាត់​ព្រៃ​ប្រឹក្សា​ក្រោម​ម្លប់ឈើ​ត្រឈឹងត្រឈៃ និង​ប្រាង្គ​ប្រាសាទបុរាណ​ក្នុង​តំបន់​ទេសចរណ៍​អង្គរ​ទទួលបាន​ទាក់ទាញ​យ៉ាងខ្លាំង​ពី​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​។ ទេសភាព​ស្រស់ស្អាត​នៅតាម​ផ្លូវ​រត់​ធ្វើ​ឲ្យ​អត្ត​ព​លិ​ក​មួយចំនួន​សរសើរ​ក​ម្ពុ​ជា​មិន​ដាច់​ពី​មាត់​ថា​ជា​ប្រទេស​ដែល​ស្រស់ស្អាត​និង​អស្ចារ្យ​ជាងគេ​ថែម​ទៀតផង​។



«​ខ្ញុំ​ធ្លាប់​ចូលរួម​រត់ប្រណាំង​ម៉ារ៉ាតុន​និង​ពាក់កណ្តាល​ម៉ារ៉ាតុន​ជាមួយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​ដូចជា​ជប៉ុន រុស្ស៊ី ប៉ារីស​(​បារាំង​) និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។ ប៉ុន្តែ​ការរត់​នៅ​កម្ពុជា​វា​ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​ខ្ញុំ ព្រោះ​នៅតាម​ដងផ្លូវ​មាន​ទេសភាព​ស្រស់ស្អាត  និយាយ​រួម​ទៅ​កម្ពុជា​អស្ចារ្យ​មែនទែន​»​។ នេះ​ការលើកឡើង​របស់​កីឡាករ​ជនជាតិ​ចិន Qi Bian ដែល​បាន​សង្កេតឃើញ​នៅតាម​ផ្លូវ​រត់​ពេល​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​លើក​ទី​២២​។

​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ពីរ​ឆ្នាំ​ជាប់​គ្នា​រូបនេះ​បានចាត់ទុក ស្ថានភាព​ផ្លូវ​រដិបរដុប ម្តង​ដីក្រហម ម្តង​ប៊េ​តុង​ជា​កត្តា​ខុសប្លែក​នឹង​កន្លែងចាស់ ហើយ​វា​ជា​បញ្ហា​សម្រាប់​អ្នករត់​។ ទោះបី​មាន​ស្ថានភាព​ខុសប្លែក​យ៉ាងនេះ​ក្តី​វា​មិនបាន​ចោទ​ជា​បញ្ហា​ឡើយ​សម្រាប់​កីឡាករ​រូបនេះ ព្រោះ​រូបគេ​ធ្វើបាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​ឆ្នាំនេះ​។



​កីឡាករ​ចិន Qi Bian ម្ចាស់​ជើងឯក​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​ឆ្នាំ​២០១៦ បាន​បន្ត​គ្រង​ជើងឯក​លើ​វិញ្ញាសា​នេះ​សម្រាប់​ការប្រកួត​នៅ​ឆ្នាំ​២០១៧ បន្ទាប់ពី​រូបគេ​បាន​ប្រើ​ថេរវេលា​១​ម៉ោង​១២​នាទី​២៤​វិនាទី ដែល​តាម​ពីក្រោយ​ដោយ​កីឡាករ Takizaki Kuniaki និង​កីឡាករ ម៉ា វី​រ៉ូ ក្រោយ​ប្រើ​ថេរវេលា​ជា​បន្តបន្ទាប់​១​ម៉ោង​១៤​នាទី​៤២ និង​១​ម៉ោង​១៥​នាទី​៣៥​វិនាទី​។

​សម្រាប់​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​ផ្នែក​នារី​លេខ​១​បាន​ទៅ​កីឡាការិនី​ហូ​ឡង់ Nic Amhlaoibh Maine ដោយ​ប្រើ​ថេរវេលា​១​ម៉ោង​២៨​នាទី​៤៥​វិនាទី រីឯ​លេខ​២​បាន​ទៅ Messina Veronique ជនជាតិ​បារាំង​ក្រោយ​ប្រើពេល​១​ម៉ោង​៣១​នាទី​២៩​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាការិនី​អាល្លឺម៉ង់ Clarke Lyndsay ជាមួយ​ថេរវេលា​១​ម៉ោង​៣៣​នាទី​៤០​វិនាទី​។



​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​បុរស​លេខ​១​បាន​ទៅ​កីឡាករ​កម្ពុជា វ៉ាន ភា​រ៉ា ក្រោយ​ប្រើពេល​៣៤​នាទី​៤៤​វិនាទី ឯ​លេខ​២​បាន​ទៅ​កីឡាករ​អ៊ី​សូ​ពី Tamiru Andarge Ayal ប្រើពេល​៣៦​នាទី​១៣​វិនាទី និង​លេខ​៣​បាន​ទៅ​កីឡាករ ជា សម្ផស្ស ក្រោយ​ប្រើ​៣៦​នាទី​៤១​វិនាទី​។ ផ្នែក​នារី​លេខ​១​បាន​ទៅ​កីឡាការិនី​បារាំង Pech Agarthe ក្រោយ​ប្រើ​៤៥​នាទី​២៧​វិនាទី ខណៈ​លេខ​២​បាន​ទៅ ហុង សុជាតា ជាមួយ​ពេលវេលា​៤៥​នាទី​៣៩​វិនាទី និង​លេខ​៣​បាន​ទៅ Wilson Amanda មកពី​សិង្ហ​បុរី​ក្រោយ​ចំណាយពេល​៤៧​នាទី​១៣​វិនាទី​៕   













ព័ត៌មានទាក់ទង