ជនជាតិភាគតិច ផ្ដើម​ជំរុញ​ការអប់រំ និង​បញ្ហា​សុខភាព​ដល់​កុមារ​តូច​ក្នុង​សហគមន៍​

30/11/-0001 12:00 am រតនគីរី

​រតនគិរី​៖ ក្រោយ​គម្រោង «​ធានា​អនាគត​ភ្លឺស្វាង​ដល់​កុមារ​ងាយ​រងគ្រោះ​» មាន​រយៈពេល​៣​ឆ្នាំ (២០១៥-២០១៨)  ដែល​នឹងត្រូវ​បញ្ចប់​ក្នុង​ខែកុម្ភៈ​ខាងមុខនេះ ជនជាតិដើម​ភាគតិច បាន​ប្ដេជ្ញា​ជំរុញ​ការអប់រំ និង​បញ្ហា​សុខភាព​ដល់​កុមារ​តូចៗ​នៅក្នុង​សហគមន៍​បន្តទៀត​។ គម្រោង​នេះ គាំទ្រ​ថវិកា​ដោយ​សហភាព​អឺរ៉ុប តាមរយៈ​អង្គការ​ភ្លែ​ន​អន្តរជាតិ​អាល្លឺម៉ង់ និង​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ដោយបាន​បង្កើត​សាលា​ម​ត្តេ​យ្យ​មួយ​ខ្នង ក្នុង​សហគមន៍​ណាយ​។​



​ជនជាតិដើម​ភាគតិច និង​ក្រុមប្រឹក្សាឃុំ ក្នុង​សហគមន៍​ណាយ នៃ​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ប្ដេជ្ញា​ជំរុញ​ការអប់រំ និង​បញ្ហា​សុខភាព​ដល់​កុមារ​ក្នុង​សហគមន៍​។ ក្នុង​សហគមន៍​នេះ មាន​សា​លាម​ត្តេ​យ្យ​សហគមន៍​មួយ​ខ្នង ដែលជា​កន្លែង​បណ្ដុះ​ចំណេះដឹង និង​បញ្ហា​សុខភាព​អនាម័យ​ដល់​កុមារ​ក្រោម​អាយុ​៦​ឆ្នាំ​។ សា​លាម​ត្តេ​យ្យ​សហគមន៍​ណាយ ជា​ផ្នែក​មួយ នៃ​គម្រោង «​ធានា​អនាគត​ភ្លឺស្វាង​ដល់​កុមារ​ងាយ​រងគ្រោះ​» ដែល​រួមចំណែក ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ និង​បញ្ហា​សុខភាព ដល់​កុមារ​ជនជាតិដើម​ភាគតិច ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល​។



​គម្រោង​ខាងលើ មាន​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ ២០១៨ ហើយ​គម្រោង​នេះ នឹងត្រូវ​ប្រគល់​ឲ្យ​មន្ទីរអប់រំ​ខេត្ត ក្រុមប្រឹក្សាឃុំ និង​ក្រុម​ឪពុកម្ដាយ ដើម្បី​បន្ត​អនុវត្ត និង​មើល​ខុសត្រូវ​ចាប់ពី ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​ប្រធាន​ឃុំ​តា​ឡាវ នៃ​សហគមន៍​ណាយ លោក ថា ប៊ុន​ឡុ​ត បានលើកឡើង​ជុំវិញ​ការបញ្ចប់​គម្រោង​នេះ​ថា ក្រុមប្រឹក្សាឃុំ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​អនុវត្ត​បន្ត​ឲ្យ​កាន់តែ​រីកចម្រើន​។  ប្រធាន​ឃុំ​រូបនេះ បញ្ជាក់ទៀតថា ក្រុមប្រឹក្សាឃុំ ក៏បាន​ត្រៀម​ថវិកា​មួយចំនួន ដែល​ឧបត្ថម្ភ​ដល់​គ្រូម​ត្តេ​យ្យ​សហគមន៍ និង​ក្រុម​ឪពុកម្ដាយ​ផងដែរ​។ លោក ថា ប៊ុន​ឡុ​ត ជឿជាក់ថា សា​លាម​ត្តេ​យ្យ​សហគមន៍​ក្នុង​តំបន់​នេះ នឹងមាន​និរន្តរភាព​បន្តទៀត​។​



​អ្នកស្រី រ​ម៉ា​ម ផ្យ​ម ជា​ជនជាតិភាគតិច​កាចក់ បាន​និយាយថា សា​លាម​ត្តេ​យ្យ​សហគមន៍ បាន​ជួយ​ដល់​កូន​របស់​អ្នកស្រី​រីកចម្រើន​បាន​ច្រើន ដោយមាន​ការផ្លាស់ប្ដូរ​ទាំង​អនាម័យ និង​ការអប់រំ​។ អ្នកស្រី រ​ម៉ា​ម ផ្យ​ម បញ្ជាក់ថា ក្រោយពី​បញ្ចប់​គម្រោង​នេះ ចង់​ឲ្យ​សាលា​មាន​វត្តមាន​ក្នុង​សហគមន៍​នេះ​បន្តទៀត​។ ជា​ជនជាតិភាគតិច​កាចក់ អ្នកស្រី រ​ម៉ា​ម ផ្យ​ម នឹងចូលរួម​លើកកម្ពស់​ការអប់រំ​ដល់​ក្មេងៗ​ក្នុង​សហគមន៍​។​



​តាម​គម្រោង​ខាងលើ លោក ផែន ប៊ុនធឿន ប្រធាន​កម្មវិធី​ប្រចាំខេត្ត​រតនគិរី​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា លើកឡើងថា គម្រោង​នេះ បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ឪពុកម្ដាយ​ទៅលើ​ការអប់រំ និង​បញ្ហា​សុខភាព​អនាម័យ​ដល់​កុមារ​តូចៗ​។ ប្រធាន​កម្មវិធី​រូបនេះ បន្តថា ពិសេស​កុមារ​តូចៗ​ក្រោម​អាយុ​៦​ឆ្នាំ មានឱកាស​ចូលរៀន​ក្នុង​សា​លាម​ត្តេ​យ្យ ដែល​ជំរុញ​ឲ្យ​កុមារ​មាន​ភាពក្លាហាន និង​មាន​ភាព​វ័យឆ្លាត​។ លោក ផែន ប៊ុនធឿន បញ្ជាក់ថា បន្ទាប់ពី​គម្រោង​នេះ​បញ្ចប់ នឹង​ប្រគល់ជូន​ក្រុមប្រឹក្សាឃុំ សម្រាប់​អនុវត្ត​បន្ត ក្រោម​ថវិកា​របស់​ក្រុមប្រឹក្សាឃុំ​។



​សូមបញ្ជាក់ថា គម្រោង «​ធានា​អនាគត​ភ្លឺស្វាង​ដល់​កុមារ​ងាយ​រងគ្រោះ​» បាន​ជួយ​ដល់​កុមារ​ប្រមាណ ១​ពាន់​នាក់ ក្នុងភូមិ​ចំនួន ២៥ នៃ​ស្រុក​អ​ណ្ដូ​កមាស និង​ស្រុក​តា​វែង ក្នុង​ខេត្តរតនគិរី លើ​បញ្ហា​សុខភាព និង​ការអប់រំ​។ គម្រោង​នេះ បាន​ជួយ​ពង្រឹងសមត្ថភាព​ដល់​ក្រុម​ឪពុកម្ដាយ ក្នុងការ​មើលថែទាំ និង​អប់រំ​កុមារ និង​ផ្សព្វផ្សាយ​ដល់​សហគមន៍​ពី​សារៈសំខាន់​នៃ​ការអប់រំ​កុមារ​តូច រួមទាំង​ធ្វើ​ឲ្យ​ក្រុមប្រឹក្សាឃុំ ផ្តោត​ការយកចិត្តទុកដាក់​លើ​ផ្នែក​គាំពារ និង​អភិវឌ្ឍ​កុមារ​តូចៗ​ផងដែរ​៕



ព័ត៌មានទាក់ទង