
ភ្នំពេញ៖ ក្រុមចលនាយុវជន «អ្នក និងខ្ញុំ» និង សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីបោះជំរំយុវជន ក្រោមប្រធានបទ «បោះជំរំ វប្បធម៌ បរិស្ថាន» នៅរមណីយដ្ឋានបឹងសំរឹទ្ធិ ខេត្តកំពង់ធំ។ កម្មវិធីបោះជំរំនេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០១៧។ ក្នុងកម្មវិធីបោះជំរំនេះ មានអ្នកចូលរួមជាង ១០០នាក់ ដែលជាយុវជនក្នុងខេត្តកំពង់ធំ និងយុវជនមកពីតាមបណ្ដាខេត្តមួយចំនួនផងដែរ។
កម្មវិធីបោះជំរំ ក្រោមប្រធានបទ «បោះជំរំ វប្បធម៌ បរិស្ថាន» នៅរមណីយដ្ឋានបឹងសំរឹទ្ធិ ខេត្តកំពង់ធំ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១-២២ តុលានេះ។ កម្មវិធីនេះ មានអ្នកចូលរួមជាង ១០០នាក់ ដែលជាយុវជន ដើម្បីចូលរួមលើកតម្លៃវប្បធម៌ អរិយធម៌ និងបរិស្ថាន។ កម្មវិធីខាងលើ នឹងធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីប្រាសាទសំបូរព្រៃគុក ពិសេសការបោះជំរំ និងចម្អិនអាហារតាមក្រុមនីមួយៗ។
ការបោះជំរំនេះ មានសកម្មភាពកសាងក្រុម ចូលរួមគិត រួមធ្វើ និងទទួលខុសត្រូវ ដើម្បីបណ្ដុះស្មារតីក្នុងភាពជាអ្នកដឹកនាំ និងសាមគ្គីភាព រវាងយុវជនដទៃទៀត។ ក្រៅពីនេះ ក្នុងកម្មវិធីនេះ នឹងមានការដាំកូនឈើ នៅទីតាំងវិទ្យាល័យហ៊ុនសែនស្រះបន្ទាយផងដែរ។
នេះជាលើកទី២ ដែលក្រុមចលនាយុវជន «អ្នក និងខ្ញុំ» បានរៀបចំកម្មវិធីបោះជំរំយុវជននេះ។ កម្មវិធីនេះ ធ្វើឡើងដើម្បីពង្រីកសាមគ្គីភាព លើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃវប្បធម៌ អរិយធម៌ និងបរិស្ថាន ពិសេសចូលរួមអបអរ ការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាមួយគ្នានេះ កម្មវិធីបោះជំរំយុវជនឆ្នាំ២០១៧នេះ មានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា និងគាំទ្រដោយក្រសួងបរិស្ថាន និងមន្ទីរស្ថាប័ននានា។
ទន្ទឹមនឹងនេះ អ្នកចូលរួម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា បទពិសោធន៍ថ្មីក្នុងការបោះជំរំ និងសកម្មភាពជាក្រុមផ្សេងៗ។ ម្យ៉ាងទៀត ការចូលទស្សនាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងការចូលរួមចំណែកក្នុងការការពារបិរស្ថានតាមរយៈការដាំកូនឈើផងដែរ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

