
កូនសត្វផ្សោតមួយក្បាលត្រូវបានគេប្រទះឃើញ នៅក្នុងតំបន់ព្រៃលិចទឹកមេគង្គ ស្ថិតនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២៩ កញ្ញាកន្លងមក ដោយអ្នកបើកទូកទេសចរណ៍។ តាមរយៈលទ្ធផលនៃការរកឃើញកូនសត្វផ្សោតនេះ គឺបង្ហាញពីសញ្ញាវិជ្ជមាននៃការកើនឡើងចំនួនសត្វផ្សោតទន្លេមេគង្គ។
អង្គការ World Wild Forest (WWF) បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែតុលានេះ មានសត្វផ្សោតកើតថ្មីទាំងអស់ចំនួន៩ក្បាលហើយ រាប់ទាំងកូនផ្សោតដែលគេទើបតែប្រទះឃើញនេះ ដោយក្នុងនោះកូនផ្សោតចំនួន២ក្បាលបានស្លាប់។ អង្គការ WWF បានបន្តថា តាមរយៈការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អភិរក្សសត្វផ្សោតនេះ វាបង្ហាញពីជោគជ័យដ៏ធំមួយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា២០១៦ ដោយកាលណោះ មានកូនផ្សោតកើតថ្មីចំនួន៤ក្បាល ប៉ុន្តែត្រូវងាប់ទៅវិញទាំង៤ក្បាល។ អង្គការ WWF សង្ឃឹមថា លទ្ធផលជោគជ័យនៃការអភិរក្សសត្វផ្សោតឆ្នាំ២០១៧នេះ នឹងអាចកាត់បន្ថយការធ្លាក់ចុះនៃចំនួនសត្វផ្សោត ក្នុងកម្រិតអតិបរមា ដើម្បីឲ្យមានការកើនឡើងវិញនូវចំនួនសត្វផ្សោតក្នុងប្រទេសកម្ពុជា។
អគ្គនាយកនៃអង្គការការWWF ប្រចាំប្រទេសកម្ពុជា លោក សេង ទៀក បាននិយាយថា៖«យើងទាំងគ្នាពិតជារីករាយខ្លាំងណាស់ ចំពោះលទ្ធផលនៃភាពជោគជ័យទាំងនេះតាមរយៈការកើតកូនផ្សោតថ្មីបន្ថែមទៀត។ ជាក់ស្ដែងវាជាការងារដែលយើងបានខិតខំទាំងអស់គ្នា ជាពិសេសនោះគឺមន្ត្រីឆ្មាំទន្លេរបស់យើង ដែលបំពេញការងារដោយមិនខ្លាចនឿយហត់ រួមទាំងការគាំទ្រពីរដ្ឋបាលជលផល និងអាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីការពារសត្វផ្សោត និងធនធានជលផលទាំងអស់»។
សត្វផ្សោតទន្លេមេគង្គ គឺជាសម្បត្តិធម្មជាតិ មានជីវិតរបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះចំនួនរបស់ពួកវាមានចំនួន៨០ក្បាល ដែលកំពង់រស់នៅទន្លេមេគង្គ ហើយត្រូវបានចាត់ទុកជាក្រុមប្រភេទសត្វជិតផុតពូជរបស់អង្គការ IUCN។ បើតាមអគ្គនាយកនៃអង្គការការWWF លោក សេង ទៀក កត្តាគំរាមកំហែងដ៏ធំបំផុតចំពោះសត្វផ្សោត ជាពិសេសកូនរបស់វានោះ គឺពាក់ព័ន្ធទៅនឹងការនេសាទខុសច្បាប់គ្រប់ប្រភេទ និងគម្រោងសាងសង់ទំបន់វារីអគ្គីសនី នៅតាមដងទន្លេមេគង្គ។
បន្ថែមពីនេះ អង្គការWWF គ្រោងរៀបចំទិវាអប់រំ និងផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងអំពីការអភិរក្សសត្វផ្សោតនៅទន្លេមេគង្គ ក្នុងខេត្តក្រចេះផងដែរ។
អង្គការWWF បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៥ ដែលជាផ្នែកមួយនៃអង្គការWWF ក្នុងមហាតំបន់ទន្លេមេគង្គ។ អង្គការWWF បានកំពុងអនុវត្តគម្រោងអភិរក្សសត្វផ្សោតទន្លមេគង្គ យ៉ាងខ្ជាប់ខ្ជួនចាប់តាំងតែពីឆ្នាំ២០០៧មកម្ល៉េះ ក្នុងគោលបំណងកាត់បន្ថយអត្រាការស្លាប់របស់សត្វផ្សោត និងបង្កើនចំនួនរបស់ពួកវាឡើងវិញ តាមរយៈការពង្រឹងការអនុវត្តន៍ច្បាប់ និងការអប់រំផ្សព្វផ្សាយតាមសហគមន៍ ,ការបង្កើនកម្រិតជីវភាពរបស់សហគមន៍ឲ្យកាន់តែប្រសើរឡើង, ការសិក្សាស្រាវជ្រាវ អង្កេតនិងតាមដាន និងពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនរវាងប្រទេសកម្ពុជា និងឡាវ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

