
ភ្នំពេញ៖ ខេត្តកែប និងខេត្តពោធិ៍សាត់របស់កម្ពុជា បានទទួលពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន នៅប្រទេសព្រុយណេ នាល្ងាចថ្ងៃទី ១២ កញ្ញានេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី ១២ កញ្ញានេះ។
ក្នុងពិធីប្រគល់ពានរង្វាន់អាស៊ានផ្នែកបរិស្ថាន នៅប្រទេសព្រុយណេ ខេត្តកែប និងខេត្តពោធិ៍សាត់របស់ប្រទេសកម្ពុជា បានទទួលពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន។ ក្នុងនោះខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងខេត្តពោធិ៍សាត់ទទួលបានពានរង្វាន់ផ្នែកនិរន្តរភាពទឹកស្អាត។
ការប្រគល់ពានរង្វាន់នេះ ធ្វើឡើងនៅប្រទេសព្រុយណេ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅល្ងាចថ្ងៃទី ១២ កញ្ញានេះ។ ទន្ទឹមនឹងនេះ ប្រតិភូនៃក្រសួងបរិស្ថាន រួមនឹងគណៈអភិបាលខេត្តពោធិ៍សាត់ និងខេត្តកែប ដែលដឹកនាំដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមក្នុងកិច្ចប្រជុំ និងពិធីប្រគល់ពានរង្វាន់នេះ។
សូមបញ្ជាក់ថា ខេត្តកែប និងខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងារអាស៊ានទទួលបន្ទុកនិរន្តរភាពបរិស្ថាន ជ្រើសរើសសម្រាប់ប្រកួតប្រជែងសម្រាប់ពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន ជាមួយបណ្ដាទីក្រុងផ្សេងទៀតក្នុងតំបន់អាស៊ាន។ ការជ្រើសរើសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារអាស៊ានទទួលបន្ទុកនិរន្តរភាពបរិស្ថានទីក្រុងលើកទី ១៥ កាលពីថ្ងៃទី ២៧ មេសា នាខេត្តសៀមរាប៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

