
ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ សត្វក្ដាន់ជំទង់៤ក្បាល ត្រូវបានគេប្រទះឃើញកំពុងស៊ីស្រូវពង្រោះនៅក្នុងស្រែ ដែលថតដោយកាមេរ៉ាស្វ័យប្រវត្តិដែល WWF-កម្ពុជា បានដាក់នៅក្នុងវាលស្រែ នៅតំបន់ការពារស្នូលនៃតំបន់ ដែលត្រូវបានស្នើដាក់ជាតំបន់ការពារ ដែលមានផ្ទៃដីជាងពីរពាន់ហិកតា ដែលស្ថិតនៅនៃភាគខាងកើតនៃខេត្តក្រចេះ។ សត្វក្ដាន់ប្រភេទសត្វរាត្រីចរ ស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ ដែលត្រូវបានចុះក្នុងបញ្ជីក្រហមអង្កការIUCN ហើយជាសត្វជិតផុតពូជនៅទូទាំងពិភពលោក។
សត្វក្ដាន់ធ្លាប់បានគេគិតថា វាបានផុតពូជពីប្រទេសកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០១៦នៅពេលដែលវាត្រូវបានគេរកឃើញឡើងវិញ នៅក្នុងខេត្តក្រចេះ ហើយចាប់តាំងពីពេលនោះមក ពួកវាមិនត្រូវបានគេប្រទះឃើញរស់នៅក្នុងព្រៃជាថ្មីទេ តាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តិណាមួយឡើយ។
មន្ត្រីស្រាវជ្រាវនៅអង្គការWWF-កម្ពុជា លោក ផាន ចាន់ណា បានឲ្យដឹងថា ម្ចាស់ស្រែបានរាយការណ៍ពីការប្រទះឃើញសត្វក្ដាន់ គឺពីដើមឡើយពួកគាត់មិនដែលគាំទ្រការពារសត្វប្រភេទនេះទេ ប៉ុន្តែពេលនេះពួកគាត់បានក្លាយជាសមាជិកសហគមន៍ដែលចូលរួមការពារកាមេរ៉ាស្វ័យប្រវត្តិ និងបានចូលរួមបង្កើតក្រុមល្បាតសហគមន៍ ដើម្បីការពារសត្វក្ដាន់ប្រភេទរាត្រីចរផងដែរ។ លោក បន្តទៀតថា ជាក់ស្ដែងតាមរយៈរូបភាពសត្វក្ដាន់ និងស្នាមដានជើងរបស់ពួកវាដែលទទួលបានពេលនេះ គឺបង្ហាញយ៉ាងប្រាកដថាចំនួនរបស់ពួកវានៅមានវត្តនៅឡើយ។
ចំណែកឯលោក សេង ទៀក នាយកអង្កការ WWF ប្រចាំប្រទេសកម្ពុជាបាននិយាយថា អ្វីដែលយើងបាននាពេលនេះ គឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់ពីការខិតខំប្រឹងប្រែងរបស់សមាជិកសហគមន៍ និងបុគ្គលិកទាំងអស់ ពិសេសនោះគឺការគាំទ្រយ៉ាងសកម្ម ពីរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក បន្ថែមទៀតថា ទោះជាយ៉ាងណាក៏ដោយ មានបញ្ហាជាច្រើន ដែលត្រូវដោះស្រាយជាបន្ទាន់ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមនានា ដូចជាកាបរបាញ់ដែលតម្រូវឲ្យក្រុមរបស់លោក ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត និងយកចិត្តទុកដាក់បំផុត ជាពិសេសនោះការពង្រឹងការអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព។
គម្រោងអភិរក្សសត្វក្ដាន់ គឹជាគម្រោងថ្មីដែលត្រូវបានបង្កើតឡើងដោយអង្គការ WWF នៅឆ្នាំ២០១៤ នៅក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ។ សម្រាប់ការងារបន្ទាប់ គឺជាការផ្ដោតការយកចិត្តទុកដាក់ក្នុងការអង្កេត និងតាមដានវត្ដមានរបស់សត្វក្ដាន់តាមរយៈ កាមេរ៉ាស្វ័យប្រវត្តិ ការពង្រឹងការអនុវត្តច្បាប់ កម្មវិធីអប់រំផ្សព្វផ្សាយ ការល្បាតរបស់សហគមន៍ និងធ្វើផែនការរៀបចំសម្រាប់តំបន់ការពារសត្វក្ដាន់នេះ ទៅជាដែនជម្រកសត្វព្រៃស្របច្បាប់ គឺត្រូវធានាថាការអភិរក្សសត្វក្ដាន់ គឺជាអាទិភាពដែលត្រូវបានទទួលស្គាល់ទូទាំងប្រទេស៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

