សាវតារ នៃ​ការកសាង​វត្ត​ពោធិ​វាល នៅ​ខេត្តបាត់ដំបង​

30/11/-0001 12:00 am បាត់ដំបង

​ទស្សនា​វ​ដ្តី​កម្ពុជសុរិយា ចេញផ្សាយ​ឆ្នាំ​១៩៣០ ស្តីពី​ពង្សាវតារ វត្ត​ពោធិ​វាល ស្ថិតក្នុង​ស្រុក​សង្កែរ ខេត្តបាត់ដំបង បញ្ជាក់ថា វត្ត​នេះ  ត្រូវបាន​កសាងឡើង​នៅ​ខែ​ពិសាខ ឆ្នាំខាល សំ​រិ​ទ្ធិ​ស័ក្តិ ពុទ្ធសករាជ ២៣៦១ ត្រូវ​នឹង​ឆ្នាំ​១៨១៨ នៃ​គ​.​ស នៃ​រជ្ជកាល​ព្រះបាទ សម្តេចព្រះ​ឧ​ទ្ទ័​យ​រាជា​ធិ​រាជ​អង្គ​ច័ន្ទ ដែល​កាលណោះ លោក​អភ័យ​ទី​បេស រស់ ជា​ចៅហ្វាយស្រុក​បាត់ដំបង ទី​៣ បាន​ឡើង​ធ្វើជា​ចៅហ្វាយស្រុក​នេះ​បាន​២​ឆ្នាំ​។



​វត្ត​ពោធិ​វាល ស្ថិតនៅលើ​ទីទួល​មួយ ដែល​ដើម​ពោ​ធំ​មួយ និង​មាន​ស្រែ​ព័ទ្ធជុំវិញ​។ ម្ចាស់​ដិ​ស្រែ​នេះ មាន​ឈ្មោះថា គុ​ជ្ជ​ស័ក្យ សូរ​។​
​មូលហេតុ ដែល​នាំ​ឲ្យ​កសាង​វត្ត​ពោធិ​វាល នៅ​ទីតាំង​នេះ គឺ​ដោយសារ លោក​ភូវាំង កែ និង​លោកយាយ​ពត ដែល​ធ្វើស្រែ​នៅ​ត្បួ​ង​ទួល​នេះ តែងតែ​ឃើញ​ពន្លឺ​ភ្លឺ​ចិញ្ចាច​នៅ​ទីទួល​នេះ រាងរាល់​យប់ ពេល​ពួកគាត់​ទាំងពីរ​ក្រោក​បញ្ជាន់ស្រូវ នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​។​



​ក្រោយ​ឃើញ​ហេតុការណ៍​នេះ លោកយាយ​ពត បាន​យក​ហេតុភេទ​នេះ មក​តំណាល​ប្រាប់​លោក​គុ​ជ្ជ​ស័ក្ស សូរ ឯ​លោក​គុ​ជ្ជ​ស័ក្ស​សូរ ក៏​មក​ឃ្លាំមើល​នៅ​ទីទួល​នេះ ក៏ ឃើញ​ហេតុភេទ​ដូច្នេះ​មែន ក៏​បង្គាប់​ឲ្យ​ខ្ញុំបម្រើ​ប្រុស​យក​ចប​ទៅ​ជីកដី​នៅ​ទីទួល​នេះ​។ ជីក​ដំបូង អ្នក​ជីក​ប្រទះ​អិដ្ឋ លុះ​ជីក​ចុះទៅ​ក្រោម ប្រមាណ​២​ហត្ថ​ទៀត ក៏​ប្រទះ​ថ្ម​មួយ​បន្ទះ​។ លុះ​គាស់​ថ្ម​នោះ​ឡើង ក៏​ប្រទះឃើញ​ថ្ម​មួយ​ដុំ បន្ទះ​បាត​ទំហំ​ប្រមាណ​១០​ធ្នាប់ កម្ពស់​ជាង​១​ហត្ថ​។ អ្នក​ជីក គិត​ប្រមាណ​ថា ជា​សន្លឹក​សីមា លុះ​ជីក​ចុះទៅ​ក្រោម​ទៀត ក៏​ប្រទះឃើញ​ព្រះ​ពុទ្ធរូប ដែលមាន​ថ្ម​ទ្រាប់​ពីក្រោម​។

​ពេល​ប្រទះឃើញ​ព្រះពុទ្ធ​ដិ​មា លោក​គុជ​ហ​ជ​ស័ក្ស បង្គាប់​ឲ្យ​អ្នកបម្រើ​លើកឡើង​មក លើ​ហើយ​បន្ត​ជីក​ទៅ​ក្រោម​ទៀត​។ លុះ​ជីក​ទៅ​មិនមាន​ឃើញ​អ្វី​ផ្សេងទៀត លោក​គុ​ជ្ជ​ស័ក្ស ក៏​បង្គាប់​ឲ្យ​អ្នកបម្រើ​យក​ព្រះពុទ្ធ​ដិ​មា និង​សីមា ទៅ​លាង​ទឹក​ឲ្យ​ស្អាត ហើយ​យកមក​តម្កល់​នៅ​ទី​សមគួរ​មួយ​។ បន្ទាប់មក លោក​គុ​ជ្ជ​ស័ក្ស ឲ្យ​គេ​ទៅ​អញ្ជើញលោក​ភូវាំង កែ និង​លោក យាយ​ពត មក​ពិគ្រោះគ្នា​ថា ទីទួល​ពោធិ​វាល​នេះ ប្រហែល​ជាទី​វត្ត​បុរាណ​ហើយ ដូច្នេះ​យើង គួរ កសាង​វត្ត​ពោធិ​វាល​នេះ ដោយ​និមន្ត​លោកគ្រូ​គុជ លោកគ្រូ​ស៊ីវ​មក​គង់​។

​លោកគ្រូ​គុជ និង​លោកគ្រូ​ស៊ីវ កាលដើមឡើយ​គង់នៅ​វត្ត​ពោធិ​ក្នុង តែ​លោក​មិនមែន ជា​មេវត្ត​ទេ​។ លោក​ទាំងពីរ​អង្គ ជា​អ្ន​កាន់​ធម៌​វិន័យ រុក្ខមូល​ធុតង្គ ពេល​ចូល​វស្សា លោក​និមន្ត មក​គង់នៅ​វត្ត​ពោធិ លុះដល់​ខែប្រាំង លោក​ចេញទៅ​រុក្ខមូល​។ លុះ​ពេល​មានការ​និមន្ត​ឲ្យ លោក​មក​គង់​ជា​មេវត្ត លោកគ្រូ​គុជ​មិន​ព្រម​ទទួល ឯ​លោកគ្រូ​ស៊ីវ ក៏​មិន​ព្រម​ទទួល​ដែរ ដោយ លោក​អះអាងថា ព្រះអង្គ​មិន​គង់នៅ​មួយកន្លែង​។ ប៉ុន្តែ​ក្រោយមក ដោយ​សង្កេតឃើញថា ព្រះ សង្ឃ​ដទៃទៀត ដែល​និមន្ត​មក​គង់នៅ​ទីនេះ មិន​ប្រកបដោយ​ធម៌ ជាពិសេស​ការប្រព្រឹត្ត​ខុសពី គន្លង​ធម៌​ព្រះពុទ្ធ​នោះ ព្រះអង្គ​មានការ​រ​ង្គៀ​ស​ចិត្តជា​ខ្លាំង ហើយ​ក្រោយមក​ខាង​រាជការ​មក បំ បែក​វត្ត​ជា​ពីរ តាម​ការស្ម័គ្រចិត្ត​។ គឺ​ម្ខាង គិតពី​អ្នកតា​វាំង​មកទល់​របង​ខាងជើង និង​ម្ខាង​ទៀត ដែលមាន​លោកគ្រូ​គុជ និង​លោកគ្រូ​ស៊ីវ​គង់នៅ ដោយ​អនុញ្ញាត​ឲ្យ​ទទួល​កឋិន មួយឆ្នាំ​មួយអង្គ ចាប់ពី​អ្នកតា​វាំង មកទល់​របង​ខាងត្បូង​។

​ទោះជា​យ៉ាងនេះ​ក្តី ក៏​លោកគ្រូ​គុជ និង​លោកគ្រូ​ស៊ីវ មិន​ព្រម​ទទួលយក​ដែរ ហើយ​ការ មិន​ព្រម​ទទួលយក​នេះ កាន់តែ​ធ្វើ​ឲ្យ​សាសនិកជន និង​លោក​គុ​ជ្ជ​ស័ក្ស ស្រលាញ់ និង​ពេញចិត្ត​ជាខ្លាំង​។ លោក​គុ​ជ្ជ​ស័ក្ស បាន​យក​រឿងនេះ ទៅ​ពិគ្រោះ​ជាមួយ​កូ​វាំង កែ និង​យាយ​ពត រួម ទាំង​សាច់ញាតិ​ជិត​ឆ្ងាយ ដោយមាន​ការឯកភាព​គ្នា​ផង​នោះ លោក​គុ​ជ្ជ​ស័ក្ស បាន​យក​រឿងនេះ ទៅសុំ​ការអនុញ្ញាត​ពី​លោក​ចៅហ្វាយស្រុក​បាត់ដំបង អភិ​បេស រស់ លោក​អភិ​បេស រស់ បាន អនុញ្ញាត​ឲ្យ​ធ្វើតាម​អ្វី ដែល​គ្រោងទុក​មកនេះ ថែមទាំង​លោក​បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ ចូលរួម ជាមួយ​លោក​គុ​ជ្ជ​ស័ក្ស​ទៀតផង​។​

​ក្រោយពី​ទទួលបាន​ការអនុញ្ញាត​ហើយ លោក​គុ​ជ្ជ​ស័ក្ស បាន​ប្រកូក​ប្រកាស​គ្នា ទៅប្រាប​(​ពង្រាប​)​ដី​ទួល​នោះ ដោយ​កំណត់​ធ្វើជា​ឧប្បចារ វាស់​ទទឹង​១២៥​ម៉ែត្រ បណ្តោយ​១៩១​ម៉ែត្រ​។ លុះ​ប្រាប់​បាន​រាប​ល្អ​ហើយ លោក​ក៏​រក​ឈើ ឥដ្ឋ កំបោរ តាំង​លើ​ព្រះវិហារ និង​ធ្វើ សាលា​កុដិ​ជា​បណ្តើរ ជីក​ស្រះ​មួយ នៅ​ភាគ​ឦសាន​វត្ត សម្រាប់​ព្រះ​ភិក្ខុសង្ឃ ស្រង់ និង​ឆាន់​។​



​លុះ​ចាត់​ព្រះ​អារាម បាន​ល្មម​សមគួរ​ហើយ ទើប​ប្រជុំគ្នា រវាង ពួក​អ្នក​ដែលមាន​សទ្ធា ទាំង​ប៉ុន្មាន ដើម្បី​ព្រមព្រៀងគ្នា ទៅ​និមន្ត​លោកគ្រូ​ស៊ីវ និង​សិស្ស​ប្រមាណ​១២​អង្គ ចូលមក​គង់ នៅក្នុង​វត្ត​ពោធិ​វាល ហើយ​ក្រោយពី​សាងសង់​ព្រះវិហារ​រួចរាល់ ទើប​លោក​ចៅហ្វាយស្រុក អភិ​បេស រស់ អញ្ជើញ​មក​កោះប្រជុំ​ព្រះ​ភិក្ខុសង្ឃ ព្រមទាំង​ឧបាសក ឧបាសិកា មាន​លោក​គុ​ជ្ជ​ស័ក្ស ជា​អគ្គនាយក ចាត់ចែង​ទាំង​ការបញ្ចុះ​សីមា ក្នុង​ខែចេត្រ ឆ្នាំរោង ទោស័ក ពុទ្ធសករាជ ២៣៦៣​។ លុះ​បញ្ចុះសីមា​រួចស្រេច​ហើយ ទើប​វេរ​ព្រះវិហារ សាលា កុដិ ព្រមទាំង​បរិវេណ ឧប្បចារ ចំពោះ​ដល់​ព្រះ​រតនត្រៃ ហើយ​តាំង​លោកគ្រូ​គុជ ជា​មេវត្ត ជា​ព្រះ​ឧ​ប​ជ្យា​យ៍ លោកគ្រូ​ស៊ីវ ធ្វើជា​គ្រូសូត្រ​។ ឯ​លោក​គុ​ជ្ជ​ស័ក្ស លោ​កូ​វាំង កែ យាយ​ពត ក៏​ថ្វាយខ្លួន​ជា​ញោម ឧបដ្ឋាក ទំនុកបម្រុង​វត្ត​តរៀងមក​។

​គួររំលឹកថា វត្ត​ពោធិ​វាល​នេះ វត្ត​ពោធិ​វាល ត្រូវបាន​រាជការ បង្គាប់​ឲ្យ​ចងក្រង​ប្រវត្តិ ឡើង​កាលពី​ឆ្នាំជូត ឆស័ក ពុទ្ធសករាជ ២៤៦៧  ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​ដេ​សម​(​ខែធ្នូ​) ឆ្នាំ​១៩២៤​។​

ព័ត៌មានទាក់ទង