ពលរដ្ឋជាង៣ពាន់នាក់ ស្នើឲ្យរដ្ឋាភិបាលចិនដកក្រុមហ៊ុនចំនួន៥ ចេញពីខេត្តព្រះវិហារ

ប្រជាពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិចដែលរងគ្រោះ ជាង៣ពាន់នាក់ ដាក់ញត្តិទៅកាន់ស្ថានទូតចិនប្រចាំកម្ពុជា ទាមទារឲ្យរដ្ឋាភិបាលចិន ដកក្រុមហ៊ុនចិនចំនួន៥ ដែលទទួលបានសិទ្ធិវិនិយោគដាំអាកាស្យា និងអំពៅសរុបជាង៤ម៉ឺនហិកតា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារចេញ។ ប្រជាពលរដ្ឋទាំងនេះ បានអះអាងថាក្រុមហ៊ុនទាំង៥ បានរំលោភសិទ្ធិមនុស្ស សិទ្ធិជនជាតិដើមភាគតិច បំផ្លាញធនធានធម្មជាតិ និងបង្ករឲ្យមានអំពើរពុករលួយជាដើម។

ប្រជាពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មិនមែនជនជាតិដើមភាគិតិច ដែលអះអាងថាបានរងគ្រោះជាច្រើនឆ្នាំ បានដាក់ញត្តិទៅកាន់ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ទាមទារឲ្យរដ្ឋាភិបាលចិន ដកក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥ របស់ក្រុមហ៊ុនហេងហ្វូ នៃប្រទេសចិន ចេញពីទឹកដីខេត្តព្រះវិហារ។
យោងតាមញត្តិដែលដាក់ទៅនោះ ក្រុមហ៊ុនបុត្រសម្ព័ន្ថទាំង៥ របស់ក្រុមហ៊ុន ហេងហ្វូ មានក្រុមហ៊ុនឡាន ហ្វេង ក្រុមហ៊ុន រូយ ហ្វេង ក្រុមហ៊ុនហេង ណុង ក្រុមហ៊ុន ហេង រូយ និងក្រុមហ៊ុន ហេង យូ។ ក្រុមហ៊ុនបុត្រសម្ព័ន្ថទាំង៥នេះ បានទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ច និងចុះកិច្ចសន្យាជាមួយរដ្ឋាភិបាល លើការវិនិយោគដាំអាកាស្យា និងអំពៅ លើផ្ទៃដីសរុបជាង ៤ម៉ឺនហិកតា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ប្រជាពលរដ្ឋ បានអះអាងក្នុងញត្តិដដែលថា តាំងពីឆ្នាំ២០១២ ពួកគាត់បានបាត់បង់ដីធ្លី ដោយសារក្រុមហ៊ុន បានឈូសឆាយដីស្រែ ចម្ការ ដីព្រៃប្រើប្រាស់អាស្រ័យផល ដីព្រៃជំនឿ ដីព្រៃបម្រុងទុក ហើយដាំអំពៅ សាងសង់ផ្លូវខ្វាត់ខ្វែង សង់ការដ្ឋានជាឧបសគ្គដល់ពលរដ្ឋ។ ក្រៅពីនោះ មានសកម្មភាពមួយចំនួនទៀត ដែលប្រជាពលរដ្ឋរងគ្រោះចាត់ទុកថារំលោភសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមភាគតិច ដូចជាការគំរាមកំហែង ដេញចាប់ ចោទប្រកាន់ បង្កររបួសស្នាមមកលើប្រជាពលរដ្ឋ និងប្រើពាក្យប្រមាថមើលងាយជាដើម។
នេះបើតាមញត្តិដដែល ដែលប្រជាពលរដ្ឋ សហគមន៍ជនជាតិដើមភាគតិចដែលរងគ្រោះ បានបន្តគូសបញ្ជាក់ទៀតថា ក្រុមហ៊ុន បានបំផ្លាញធនធានធម្មជាតិ តាមរយៈការកាប់បំផ្លាញដើមច្បោះជ័រទឹក បំផ្លាញដីបម្រុងទុករបស់សហគមន៍ បំផ្លាញព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឱសថបុរាណ-ល- និងបានផ្តល់ប្រាក់ឧបត្ថម្ភឲ្យអាជ្ញាធរ ឲ្យជួយធ្វើសកម្មភាពរំលោភដីធ្លីពីសហគមន៍ជាដើម។ ប្រជាពលរដ្ឋថាមិនអាចទទួលយកបាន ចំពោះសកម្មភាទាំងនេះ និងទាមទារឲ្យរដ្ឋាភិបាលចិន ពិនិត្យការគោរពសិទ្ធិមនុស្ស និងបរិស្ថានតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលចិន និងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងដកក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៥ របស់ក្រុមហ៊ុន ហេងហ្វូចេញពីទឹកដីខេត្តព្រះវិហារ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

