ពោធិ៍សាត់ (ឃុំអូសោម) ៖ ដង្កោ និងក្រវាញ គឺជារុក្ខជាតិនៅក្នុងអម្បូរជាមួយគ្នា។ ផ្លែដង្កោ ជាពិសេស កំពុងត្រូវបានទិញដោយឈ្មួញជនជាតិវៀតណាម កូរ៉េ និងចិន។ ក្នុងមួយរដូវៗ ពោលគឺពីខែ៧ដល់ខែ១០ ផ្លែដង្កោមិនតិចជាងពី៦ទៅ៧តោនទេដែលត្រូវបានគេបេះនៅតំបន់ជួរភ្នំក្រវាញ ហើយលក់ទៅឲ្យឈ្មួញខាងលើនេះ។
ជាក់ស្តែង គ្រាន់តែនៅតំបន់អូរសោម ផលិតផលដង្កោ-ក្រវាញមានបរិមាណប្រមាណជាពី២ទៅ៣តោនក្នុងមួយរដូវត្រូវបានគេបេះដើម្បីលក់ជូនឈ្មួញបរទេស។ ពលរដ្ឋនៅតំបន់នោះបេះលក់ជូនឈ្មួញក្នុងតម្លៃ៣៥០០រៀលក្នុងមួយគីឡូក្រាម។ លោក នួន លីម ម្ចាស់ផ្ទះសំណាក់ និងជាមគ្គុទេសក៍តំបន់ទេសចរណ៍ធម្មជាតិអូរសោមបានបញ្ជាក់ថា ជំនួញដង្កោ និងក្រវាញនេះមានសក្តានុពលធំធេងណាស់ប្រសិនបើអាជ្ញាធរពាក់ព័ន្ធពង្រីកការដាំដុះ និងអភិរក្សដំណាំដ៏ល្អមួយនេះ។
បើយោងតាមលោក លីម ក្រវាញត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើម្ហូបច្រើនមុខ និងអាចជាថ្នាំបុរាណស័ក្តិសិទ្ធិទៀតផង។ ចំពោះឈ្មួញបរទេស ពួកគេទិញផលិតផលអម្បូរក្រវាញយកទៅធ្វើស៊ុប ឬម្ហូបផ្សេងៗដោយពួកគេមានជំងឺថា វាជាអាហារធម្មជាតិ និងជួយបំប៉នសុខភាពឲ្យខ្លាំងក្លា។
ដើម្បីជ្រាបព័ត៌មានលម្អិតសូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានThmeythmey.com និងលោក នួន លីម ម្ចាស់ផ្ទះសំណាក់ និងជាមគ្គុទេសក៍តំបន់ទេសចរណ៍ធម្មជាតិអូរសោមនៅក្នុងកម្មវិធី (Mercedes-Benz និងកំណប់អាថ៌កំបាំងគាំទ្រដោយសារព័ត៌មាន Thmeythmey.com និង Fresh News) ដូចតទៅ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com