លោក សំ ឃីម ថា​«​អូរ​សោម​»​មាន​ទេសភាព​ស្អាត និង​ត្រជាក់​ជាង​មណ្ឌលគិរី​

30/11/-0001 12:00 am ពោធិ៍សាត់

​អូរ​សោម ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយ ដែល​ស្ថិតនៅ​ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្ដ​ពោធិ៍សាត់​។ កម្មវិធី​«​មែក​សឺ​ដែល និង​កំណប់​អាថ៌កំបាំង​» ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ និង​Fresh News នៅ​ថ្ងៃទី​១៦ ខែសីហា​នេះ នឹង​នាំ​លោកអ្នក​ឲ្យ​ស្គាល់​ទីឋាន​ទេសចរណ៍ធម្មជាតិ​«​ទឹកធ្លាក់​អូរ​សោម​»​។ «​ទឹកធ្លាក់​អូរ​សោម​» ដែល​ល្បី​ថា​មាន​ទេសភាព​ស្រស់ត្រកាល អាកាសធាតុ​ត្រជាក់​ល្ហឹម ពោលគឺ​ស្អាត​លើស​ទេសភាព​នៅ​ខេត្តមណ្ឌលគិរី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ទៅទៀត​។​



​លោក សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទឹកធ្លាក់​អូរ​សោម មានទឹក​ធ្លា​ក់ធម្មជាតិ ៤ ទៅ​៥​កន្លែង ការដាំដុះ​ដំណាំ​កសិកម្ម ដូចជា Strawberry ម្រេច ប័​រ ដូច​មណ្ឌលគិរី​អីចឹង​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ គូសបញ្ជាក់​ទៀតថា អូរ​សោម មាន​អាកាសធាតុ​ត្រជាក់ និង​ទេសភាព​ស្រស់ស្អាត​ជាង​ខេត្តមណ្ឌលគិរី​ទៅទៀត​។ លោក សំ ឃីម បន្ថែម​ដូច្នេះ​៖« អាកាសធាតុ​នៅ​អូរ​សោម ត្រជាក់ ទេសភាព​ស្អាត​ណាស់ អាច​ថា​ស្អាត​ជាង​មណ្ឌលគិរី​ផង ហើយ​ខាងមុខ​អូរ​សោម​ហ្នឹង យើង​មើល​ដូច​សមុទ្រ​អីចឹង ព្រោះ​មាន​ទំនប់​អគ្គិសនី​នៅ​ទល់មុខ​នោះ​។  នៅ​ទីនោះ​ក៏មាន​ផ្ទះ​ស្នាក់នៅ​សម្រាប់​ភ្ញៀវទេសចរ ដែលមាន​តម្លៃ​សមរម្យ​ដែរ​»​។



​ក្រៅពីនេះ ទស្សនា​ទឹកធ្លាក់ ដែលមាន​កម្ពស់​ប្រមាណ​៤០​ម៉ែត្រ  នៅ​អូរ​សោម​ក៏មាន សត្វ​ក្រពើ​ប្រាក់ ប្រមាណ​២០០​ក្បាល កំពុង​រស់នៅ​ផង​។ ប៉ុន្តែ​បើតាម លោក លោក សំ ឃីម គេ​មិនអាច​មើលឃើញ​សត្វ​ក្រពើ​ទាំង​នេះឡើយ ព្រោះ​វា​រស់នៅក្នុង​បឹង​មួយ ដែល​ព័ទ្ធជុំវិញ​ដោយ​ភ្នំ​។ វត្តមាន និង​ចំនួន​របស់​សត្វ​ក្រពើ​ប្រាក់ ត្រូវបាន​តាមដាន​តាម​រយៈ​កាមេរ៉ា ដែល​ដាក់​បង្កប់​ដោយ​អង្គការ​មួយ​។ 

​យ៉ាងណាក៏ដោយ លោក​ប្រធាន​មន្ទីរ ក៏បាន​គូស​បញ្ជាក់ដែរថា​ផ្លូវ​ទៅ​អូរ​សោម ពិបាក​បន្តិច​សម្រាប់​ភ្ញៀវទេសចរ​ជាតិ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​សម្រាប់​ជនជាតិ​បរទេស​មិន​បញ្ហា​ទេ​ព្រោះ​គេ​ចូលចិត្ត​ដំណើរ​ផ្សងព្រេង​បែបនេះ​។​



​សូមបញ្ជាក់ថា ក្រៅពី​រមណីយដ្ឋាន​អូរ​សោម ខេត្តពោធិ៍សាត់​ក៏មាន​តំបន់​ទេសចរណ៍​សក្តានុពល​ជាច្រើន​ទៀត​ដែរ ទាំង​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍ធម្មជាតិ​។ បើតាម​លោក សំ ឃីម តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ មាន​មណ្ឌល​វប្បធម៌​កោះ​សំពៅ​មាស បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង  រីឯ​តំបន់​ទេសចរណ៍ធម្មជាតិ​ដូចជា​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង  ល្បាក់​កំ​រោ​ញ រមណីយដ្ឋាន​ភ្នំ​លាំង​ត្រាច រមណីយដ្ឋាន​ភ្នំ​បាយ​ឃ្លះ រមណីយដ្ឋាន​ទំនប់​ឈើ​តោក  រមណីយដ្ឋាន​អូរ​ដា​ជម្រក​សត្វ​ក្រពើ​ភ្នំ និង​បឹង​ទន្លេសាប​។​



​ក្រុមហ៊ុន​ស្តារ​អូ​តូ សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​សារព័ត៌មាន Fresh news បង្កើត​កម្មវិធី​មួយ​ឈ្មោះថា «​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​»​។ កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ នឹង​ចាប់ផ្តើម​ពី​ខេត្តពោធិ៍សាត់ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ ភាគ​ខាងលិច​ប្រទេស​កម្ពុជា​។ កម្មវិធី​បន្ត​បន្ទាប់ពី យើង​នាំ​លោកអ្នក​ទៅកាន់​តំបន់​ទេសចរណ៍​សក្តានុពល​នានា​ដែល​គេ​មិនសូវ​ស្គាល់​នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា​៕





ព័ត៌មានទាក់ទង