
មណ្ឌលគិរី៖ រមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ជារមណីយដ្ឋានធម្មជាតិមួយ ដែលមានភាពស្រស់បំព្រង ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ មិនត្រឹមតែ ផ្តល់ការកម្សាន្តសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែរមណីយដ្ឋានធម្មជាតិមួយ កំពុងទំនុកបម្រុងដល់ជីវភាពអ្នកស្រុក ដែលប្រកបរបបរកស៊ីនៅទីនេះ ដែរ។
ខេត្តមណ្ឌលគិរី ដែលស្ថិតនៅប៉ែកឦសានប្រទេស មានរមណីយដ្ឋានធម្មជាតិជាច្រើន កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្ត។ រមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត ក៏ស្ថិតក្នុងចំណោមរមណីយដ្ឋានទាំងនោះដែរ។ អ្នកលក់ដូរចំណីអាហារ អ្នកថតរូប អ្នកតែងសម្លៀកបំពាក់ជនជាតិភាគតិច អ្នកលក់សម្លៀកបំពាក់ សុទ្ធសឹងតែទទួលបានចំណូលពីតំបន់ទេសចរមួយនេះ។
អ្នកស្រី សុខ អាន ជាអ្នកតុបតែងសម្លៀកបំពាក់ជនជាតិម្នាក់ នៅទីនេះជាង១០ឆ្នាំមកហើយ។ ស្ត្រីរូបនេះ បញ្ជាក់ថារបរនេះ បានធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ប្រសើរឡើងច្រើន។ នៅពេលដើរកាត់កន្លែងតែងសម្លៀកបំពាក់ជនជាតិ គេប្រាកដជាបានឮសំឡេងស្រី្តរូបនេះ ដង្ហើយហៅភ្ញៀវយ៉ាងពីរោះ ឲ្យជួលសម្លៀកបំពាក់ជនជាតិរបស់ខ្លួន សម្រាប់ថតរូបលេងកម្សាន្ត។
បើតាមស្ត្រីរូបនេះ ការស្លៀកសម្លៀកបំពាក់របៀបជនជាតិភាគតិច ដែលភាគច្រើនមានតែភ្ញៀវទេសចរជនជាតិខ្មែរទេ ដែលចាប់អារម្មណ៍។ ស្លៀកពាក់សម្លៀកបំពាក់ជនជាតិភាគតិចឲ្យភ្ញៀវបណ្តើរ អ្នកស្រី សុខ អាន និយាយបណ្តើរថារបរនេះ បានធ្វើឲ្យជីវភាពគ្រួសាររបស់ខ្លួនប្រសើរឡើង។ ក្នុងមួយថ្ងៃ អ្នកស្រី សុខ អាន អាចរកចំណូលបានជាមធ្យមពី ៤ ទៅ ៥ម៉ឺន និងបានច្រើនជាងនេះ នៅថ្ងៃឈប់សម្រាក និងបុណ្យទាន។ អ្នកតែងសម្លៀកបំពាក់ជនជាតិរូបនេះ បញ្ជាក់ថា៖«មុខរបរនេះ មិនដែលអត់ភ្ញៀវតែងស្លៀកនោះទេ គ្រាន់តែមានតិច និងច្រើន ហើយមិនថាថ្ងៃឈប់សម្រាក ឬថ្ងៃធម្មតានោះទេ។ និយាយទៅមិនទៀងទេ រឿងអត់ភ្ញៀវវាមិនអត់នោះទេ»។
អ្នកស្រី សុខ អាន មិនមែនមានដើមកំណើតនៅខេត្តមណ្ឌលគិរីនោះទេ។ ព្រោះតែជីវភាពគ្រួសារខ្វះខាត បានបង្វំឲ្យអ្នកស្រី ចំណាកស្រុកជាមួយស្វាមី មកស្វែងរកការងារ ឬមុខរបរនៅទីនេះ។ មកដល់ទឹកដីភាគឦសានភ្លាម អ្នកស្រី និងប្តី បានធ្វើជាកម្មករស៊ីឈ្នួល នៅក្នុងចម្ការមួយរបស់ជនជាតិបារាំង។ ក្រោយមកក៏ប្តូរមកប្រកបរបរតុបតែងសម្លៀកបំពាក់ជនជាតិក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រានេះវិញ ខណៈប្ដីគាត់ ធ្វើជាជាងថតរូប នៅទីនេះដែរ។ ផ្លាស់ប្តូរមុខរបរ ជីវភាគគ្រួសាររបស់ស្ត្រីរូបនេះ ក៏បានផ្លាស់ប្តូរប្រសើរឡើង តាំងពីពេលនោះមកដែរ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

